. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, September 2, 2015

មន្ត្រី​សិទ្ធិ​មនុស្ស​សង្ស័យ​លើ​ការ​បាញ់​សម្លាប់​ជន​សង្ស័យ​លួច​ម៉ូតូ​នៅ​ក្រុង​ប៉ោយប៉ែត

ដោយ ហ៊ុំ ចំរើន

2015-09-02
 
សព​ជន​សង្ស័យ​លួច​ម៉ូតូ ៦២០
សព​ជន​សង្ស័យ​លួច​ម៉ូតូ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
Photo ADHOC

សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​បន្ទាយមានជ័យ បើក​ការ​ស៊ើប​អង្កេត ករណី​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចាប់​ជន​សង្ស័យ​លួច​ម៉ូតូ​ដោយ​បាញ់​សម្លាប់​នៅ​កន្លែង​កើត​ហេតុ។ មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ប្រមាណ ៥​នាក់ កាល​ពី​ថ្ងៃ​ទី​២៤ សីហា កន្លង​ទៅ តាម​ចាប់​ជន​សង្ស័យ​ម្នាក់​ដែល​គេ​ចោទ​ថា​លួច​ម៉ូតូ​ហុងដា​សេរី​២០១៥ ចំនួន ២​គ្រឿង នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ជន​សង្ស័យ​ម្នាក់​នោះ​ឈ្មោះ យិន ចាន់លាប អាយុ ៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។
មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​បាញ់​សម្លាប់​បុរស​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ពីរ​នាក់​នោះ ថា​ជា​រឿង​ចេតនា​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​បាញ់​សម្លាប់។
មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​សកម្មភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ដែល​ចាប់​ជន​សង្ស័យ​លួច​ម៉ូតូ​ដោយ​បាញ់​សម្លាប់​នេះ ថា​ជា​ទង្វើ​មួយ​ចាប់​ជន​សង្ស័យ​ខុស​ច្បាប់។
លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​ត្រូវ​បាញ់​សម្លាប់​ដើម្បី​ចាប់​ជន​សង្ស័យ​លួច​ម៉ូតូ ដោយ​ពុំ​មាន​ការ​ត​ដៃ​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ជន​សង្ស័យ ដែល​សមត្ថកិច្ច​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​កំណត់ ពីព្រោះ​តាម​ការ​ស៊ើប​អង្កេត​អស់​ជាច្រើន​ថ្ងៃ លោក​មាន​មន្ទិល​សង្ស័យ​ថា ការ​ស្លាប់​របស់​ជន​សង្ស័យ​ដែល​លួច​ម៉ូតូ​នោះ អាច​ជា​ចេតនា​របស់​សមត្ថកិច្ច៖«ព្រោះ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ដល់​ទៅ ៥​នាក់ ហើយ​ជន​សង្ស័យ​ម្នាក់​ឯង។ យើង​ត្រូវ​តែ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ តើ​សមត្ថកិច្ច​ពិត​ជា​បាញ់​ដើម្បី​ការពារ​ខ្លួន​មែន ឬ​យ៉ាង​ណា? ព្រោះ​យើង​ឃើញ​ការ​បាញ់​នោះ​ចំ​បេះដូង​ខាង​ឆ្វេង គឺ​ជា​កន្លែង​ដែល​ត្រូវ​ស្លាប់»
លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ករណី​នេះ ប្រសិន​បើ​ជន​សង្ស័យ​ពុំ​បាន​ត​ដៃ និង​ពុំ​មាន​អាវុធ​ជាប់​នឹង​ខ្លួន​ទេ សមត្ថកិច្ច​អាច​ចាប់​ជន​សង្ស័យ​បាន​ដោយ​ងាយ​ស្រួល គឺ​មិន​ចាំបាច់​ដល់​ថ្នាក់​ទៅ​បាញ់​សម្លាប់​នោះ​ឡើយ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ប៉ូលិស​ពុំ​មាន​ចេតនា​បាញ់​សម្លាប់​ជន​សង្ស័យ​នោះ​ទេ។ លោក​អះអាង​ថា សមត្ថកិច្ច​បាន​តាម​ចាប់​ជន​សង្ស័យ​ដែល​លួច​ម៉ូតូ​នោះ​តាំង​ពី​ចំណុច​ផ្សារ​អគ្គ ហៅ​ផ្សារ​ថ្មី សង្កាត់​ប៉ោយប៉ែត តែ​ជន​សង្ស័យ​បាន​ព្យាយាម​រត់​គេច​ពី​សមត្ថកិច្ច ហើយ​បាន​ប្រើ​អាវុធ​បាញ់​ត​ដៃ ទើប​សមត្ថកិច្ច​បាញ់​ឡើង​លើ​ការពារ​ខ្លួន ដើម្បី​ចាប់​ជន​សង្ស័យ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «កម្លាំង​សមត្ថកិច្ច​យើង​បាញ់​ប្រហើរ​ទេ តែ​អ្នក​អង្គុយ​លើ​ម៉ូតូ​ធ្វើ​ម៉េច​បើ​វា​ត្រូវ​ចំ​ទៅ ដោយសារ​តែ​ជន​សង្ស័យ​នោះ​ជា​មនុស្ស​អស់​លក្ខណ៍។ យើង​មិន​មែន​ចង់​យក​ជីវិត​គាត់​ទេ តែ​ជន​សង្ស័យ​បាញ់​មក​លើ​យើង»
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​អះអាង​ថា ហេតុការណ៍​ដែល​កើត​ឡើង​នោះ សមត្ថកិច្ច​មាន​គ្នា​ប្រមាណ ៥​នាក់ ស្លៀក​ពាក់​ស៊ីវិល និង​មាន​អាវុធ​គ្រប់​ដៃ បាន​ដេញ​ជន​សង្ស័យ​តាម​ផ្លូវ​ជាតិ​លេខ​៥ រហូត​ដល់​ចំណុច​មុខ​វត្ត​រតនារាម ហៅ​វត្ត​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពលរដ្ឋ​រូប​នោះ​អះអាង​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ដេញ​ជន​សង្ស័យ​មក​ដល់​កន្លែង​ស្ងាត់​នៅ​មុខ​វត្ត​ផ្សារកណ្ដាល ហើយ ពេល​នោះ​សមត្ថកិច្ច​បាន​ស្រែក​ឲ្យ​ជន​សង្ស័យ​ឈប់ តែ​ជន​សង្ស័យ​បាន​ដួល​ម៉ូតូ ហើយ​បម្រុង​រត់​គេច ស្រាប់​តែ​សមត្ថកិច្ច​ម្នាក់​ក្នុង​ចំណោម ៥​នាក់ បាន​បញ្ជា​ឲ្យ​បាញ់​ជន​សង្ស័យ​តែ​ម្ដង។ ពលរដ្ឋ​បន្ត​ថា សមត្ថកិច្ច​បាន​បាញ់​ជន​សង្ស័យ​ពី​ក្រោយ​ខ្នង​ចំនួន​មួយ​គ្រាប់ តែ​ជន​សង្ស័យ​មិន​ទាន់​ស្លាប់​នោះ​ទេ សមត្ថកិច្ច​ក៏​នាំ​គ្នា​ស្ទុះ​ទៅ​វាយ​ថែម​ទៀត ព្រម​ទាំង​ដាក់​ខ្នោះ​ដៃ ហើយ​អូស​ទៅ​ចិញ្ចើម​ផ្លូវ​រហូត​ដល់​ជន​សង្ស័យ​ដាច់​ខ្យល់​ស្លាប់ ទើប​ដោះ​ខ្នោះ​ដៃ​ចេញ​វិញ៖ «សមត្ថកិច្ច​គាត់​វាយ​ទាត់​ធាក់ ចំណែក​ឯ​ជន​សង្ស័យ​មិន​បាន​បាញ់​កាំភ្លើង ឬ​ត​ដៃ​នោះ​ទេ។ តែ​ខ្លាច​ជន​សង្ស័យ​ត​ដៃ បាន​ជា​ទៅ​វាយ​ថែម និង​ដាក់​ខ្នោះ​ដៃ​ប្រមាណ ១០​នាទី រហូត​ដល់​មនុស្ស​មក​មើល​ច្រើន ទើប​សមត្ថកិច្ច​ដោះ​ខ្នោះ​ដៃ​ចេញ​វិញ»
ស្រដៀង​គ្នា​នេះ​ដែរ ព្រះសង្ឃ​ដែល​ឃើញ​ហេតុការណ៍​នោះ​មាន​ព្រះ​ថេរ​ដីកា​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ ព្រះអង្គ​ឮ​សំឡេង​គ្រាប់​កាំភ្លើង​តែ​មួយ​គ្រាប់​ទេ គឺ​ពុំ​មាន​សំឡេង​កាំភ្លើង​បាញ់​បែប​តប​ត​គ្នា​ជាច្រើន​គ្រាប់​នោះ​ឡើយ ប៉ុន្តែ​ព្រះអង្គ​ពុំ​ដឹង​ថា ភាគី​ណា​ជា​អ្នក​បាញ់​នោះ​ទេ។ ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​បន្ត​ថា បន្ទាប់​ពី​ស្នូរ​កាំភ្លើង​ប្រមាណ​កន្លះ​ម៉ោង ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ខាង​មុខ​វត្ត៖ «ពេល​ដែល​អាត្មា​ឃើញ​នោះ គឺ​មាន​មនុស្ស​ប្រមាណ ៤​នាក់ និង​មាន​ម៉ូតូ​ពីរ​ទៅ​បី​គ្រឿង និង​មាន​រថយន្ត​មួយ​គ្រឿង​នៅ​ក្បែរ​នោះ។ មួយ​សន្ទុះ​ក្រោយ​មក ក៏​ឃើញ​គេ​សែង​សាកសព​យក​មក​ដាក់​ក្នុង​វត្ត»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មាន​សិទ្ធិ​បាញ់​ការពារ​ខ្លួន​បាន​ក្នុង​ករណី​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត គឺ​ប្រសិន​បើ​ជន​សង្ស័យ​មាន​អាវុធ​ជាប់​ខ្លួន ហើយ​បាន​ចាញ់​តប​ត​សមត្ថកិច្ច ដើម្បី​រត់​គេច​ខ្លួន​នោះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា បើ​ទោះ​ជា​ជន​សង្ស័យ​លួច​ម៉ូតូ​ក៏ដោយ ក៏​សមត្ថកិច្ច​មិន​អាច​ទៅ​ចាប់​មនុស្ស​ដោយ​ការ​បាញ់​សម្លាប់ ដែល​ជន​សង្ស័យ​ពុំ​បាន​ត​ដៃ​នោះ​ឡើយ។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​ដោយ​ការ​បាញ់​សម្លាប់ ដោយ​ចេតនា​ដែល​ជន​សង្ស័យ​ពុំ​បាន​ត​ដៃ ជា​រឿង​ខុស​ច្បាប់៖ «និយាយ​រួម​ការ​ចាត់​វិធានការ​ទាំងឡាយ​ណា​ដែល​ខុស​នឹង​ផ្លូវ​ច្បាប់ ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ដូច​គ្នា។ អ៊ីចឹង​ទេ​ឲ្យ​មាន​ភស្តុតាង​បង្ហាញ​អ្នក​នោះ​បាន​ប្រព្រឹត្ត​បទល្មើស បើ​ទោះ​គាត់​ជា​សមត្ថកិច្ច​ស្ថិត​នៅ​ក្នុង​បេសកកម្ម​ក៏ដោយ ត្រូវ​មាន​ទោស​ដូច​គ្នា លើក​លែង​តែ​ករណី​នោះ​ក្នុង​ន័យ​ជា​ការ​ការពារ​ខ្លួន»
យ៉ាង​ណា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​បាញ់​សម្លាប់​នេះ ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់ ជៀសវាង​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​ដោយ​ការ​សម្លាប់​ទៅ​ថ្ងៃ​ក្រោយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons