. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, September 18, 2015

អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្ដឹង​សមត្ថកិច្ច​ចោទ​ថា​គំរាម​កំហែង

អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្ដឹង​សមត្ថកិច្ច​ចោទ​ថា​គំរាម​កំហែង

ដោយ ហ៊ុំ ចំរើន
2015-09-15

ញ៉ែម សុផល អ្នក​កាសែត ៦២០
អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ អិន.ធី.វី (NTV) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ញ៉ែម សុផល។ រូបថត​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provideយក​ព័ត៌មាន​ទូរទស្សន៍​អិន.ធី.វី (NTV) ម្នាក់ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ឲ្យ​ជួយ​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត បាន​ហៅ​អ្នក​កាសែត​ទៅ​គំរាម​កំហែង និង​សួរ​ចម្លើយ​រយៈពេល​ប្រមាណ ៤​ម៉ោង បន្ទាប់​ពី​រូប​គេ​បាន​បង្ហោះ​ព័ត៌មាន​មួយ​ដែល​កើត​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វសអាប (Whatsapp) មក។
​កាសែត​ទូរទស្សន៍​អិន.ធី.វី ប្រចាំ​ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​ដក​លោក​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ចេញ​ពី​តំណែង ដើម្បី​កុំ​ឲ្យ​យក​អំណាច​របស់​ខ្លួន​ទៅ​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​បន្ត​ទៀត។
អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អិន.ធី.វី ម្នាក់ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ញ៉ែម សុផល ថ្លែង​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា មូលហេតុ​ដែល​លោក​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​សង្កាត់​ប៉ោយប៉ែត ដោយសារ​លោក​នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា បាន​ហៅ​លោក​ទៅ​សាកសួរ និង​គំរាម​កំហែង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រយៈពេល​ប្រមាណ ៤​ម៉ោង។ លោក​បន្ត​ថា មន្ត្រី​ប៉ូលិស​បាន​ប្រើ​ពាក្យ​សម្ដី​គំរោះគំរើយ ដូចជា​ពាក្យ​អា​ឯង អញ ជាដើម ដើម្បី​បង្ខំ​ឲ្យ​លោក​ផ្ដិត​ស្នាម​មេដៃ​ទទួល​កំហុស ដែល​ខ្លួន​បាន​បង្ហោះ​ព័ត៌មាន​មួយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វសអាប នោះ៖ «នៅ​ពេល​ខ្ញុំ​ទៅ​ដល់​គាត់​ថា​ឲ្យ​ខ្ញុំ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ហើយ​គំរាម​ឲ្យ​ខ្ញុំ​ផ្ដិត​មេដៃ​ចុះ​កិច្ចសន្យា ថា​រយៈពេល ៣​ថ្ងៃ ត្រូវ​នាំ​ប្រភព​ដែល​បាន​និយាយ​អាង​ខ្នង​ប៉ូលិស​នោះ មក​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ឲ្យ​បាន»
លោក​អះអាង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា កន្លង​ទៅ លោក​បាន​បង្ហោះ​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៥​នាក់ បាន​ទៅ​ឡូឡា​ក្នុង​ហាង​ផឹក​ស៊ី​មួយ​ឈ្មោះ ហាង​ស្រះ​បេះដូង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺ​បន្ទាប់​ពី​ពួក​គេ​បាន​បាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​នៅ​ក្នុង​ហាង​នោះ។ លោក​បន្ត​ថា នៅ​គ្រា​នោះ​ក្រុម​អ្នក​ផឹក​ស៊ី​បាន​យក​ឈ្មោះ​មន្ត្រី​ប៉ូលិស ដែល​មាន​អំណាច​នៅ​ក្រុង​ប៉ោយប៉ែត ទៅ​គំរាម​កំហែង​ដល់​ម្ចាស់​ហាង ជុំវិញ​ពី​ការ​បាត់​ទូរស័ព្ទ​នោះ។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត លោក មាស ម៉េងហួរ ហៅ ពៅ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ហៅ​អ្នក​កាសែត​រូប​នោះ​ទៅ​សួរ​នាំ​ខ្លះ​មែន​នៅ​ប៉ុស្តិ៍​ប៉ូលិស ប៉ុន្តែ​លោក​អះអាង​ថា ការ​សួរ​នាំ លោក​ពុំ​បាន​ទៅ​គំរាម​កំហែង​អ្នក​យក​ព័ត៌មាន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ព្រោះ​គាត់​ចុះ​ផ្សាយ​ព័ត៌មាន​មាន​ប្រភព​តែ​ម្ខាង ដោយ​មិន​បាន​សួរ​មក​ខាង​ប៉ូលិស​នោះ​ទេ។ ពួក​ខ្ញុំ​ជា​ប៉ូលិស ខ្ញុំ​ចង់​ដឹង​អង្គ​ហេតុ ព្រោះ​ប៉ះពាល់​កិត្តិយស​របស់​លោក​អធិការ​ក្រុង​ប៉ោយប៉ែត»
ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា មន្ត្រី​ប៉ូលិស​ពុំ​មាន​សិទ្ធិ​អំណាច​ហៅ​អ្នក​កាសែត​ទៅ​គំរាម​កំហែង ឲ្យ​ផ្ដិត​ស្នាម​មេដៃ​ទទួល​កំហុស ដែល​អ្នក​សារព័ត៌មាន​បាន​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​នោះ​ទេ។ លោក​ហៅ​ការ​គំរាម​កំហែង​ពី​សំណាក់​មន្ត្រី​ប៉ូលិស​សង្កាត់​ប៉ោយប៉ែត នេះ​ថា គឺ​ជា​ការ​បិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​កាសែត៖ «ព្រោះ​បញ្ហា​នេះ​ប៉ូលិស​គួរ​តែ​ឆ្លើយ​ប្រាប់​តាម​បណ្ដាញ​សង្គម​ហ្វសអាប មក​វិញ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សាយ​កែ​តម្រូវ​វិញ​បាន ប្រសិន​បើ​ពិត​ជា​បាន​ផ្សាយ​ខុស​នោះ»
នៅ​ក្នុង​ហ្វសអាប ដែល​អ្នក​កាសែត​បាន​បង្ហោះ​ព័ត៌មាន​នោះ ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ដែល​មន្ត្រី​រាជការ រួម​មាន​គ្រូបង្រៀន ប៉ូលិស ទាហាន ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ជាដើម ក្នុង​ខេត្ត​បន្ទាយមានជ័យ និយម​ប្រើប្រាស់​ដើម្បី​ចែក​រំលែក និង​មើល​ព្រឹត្តិការណ៍​ព័ត៌មាន​ដែល​បាន​កើត​ឡើង​ប្រចាំ​ថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons