. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, November 17, 2015

កសិករ​ខេត្ត​បន្ទាយមានជ័យ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​ទម្លាក់​តម្លៃ​ស្រូវ


ដោយ ហ៊ុំ ចំរើន
2015-11-16

ប្រជា
ដឹក​ស្រូវ​បាត់ដំបង ៦២០
ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ផល​ស្រូវ នៅ​ភូមិ​ព្រះអណ្ដូង ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
Photo Provided








ពលរដ្ឋ​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​ស្រុក ថា​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ទម្លាក់​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​
ឲ្យ​មាន​តម្លៃ​ទាប និង​រារាំង​មិន​ឲ្យ​នាយ​ទុន​ពី​ខាង​ក្រៅ​ចូល​ទិញ​ស្រូវ ដើម្បី​ពួក​គេ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ប្រជាពលរដ្ឋ។ អភិបាល​ស្រុក​ថ្មពួក បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។
ប្រជា​កសិករ​នៅ​ស្រុក​ថ្មពួក កំពុង​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ប្រាក់​សង​បំណុល​គេ ដែល​បាន​ខ្ចី​បុល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ យក​ទៅ​ធ្វើ​ស្រែ​នា​ពេល​កន្លង​ទៅ ដោយសារ​តម្លៃ​ស្រូវ​ថោក និង​លក់​ស្រូវ​មិន​បាន​ផល​ចំណេញ។ អ្នក​ភូមិ​អំពាវនាវ​ក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រី​ពាក់ព័ន្ធ រក​ទីផ្សារ​លក់​ផល​ស្រូវ​របស់​ពួក​គាត់​ឲ្យ​បាន​តម្លៃ​ខ្ពស់​ជាង​បច្ចុប្បន្ន ដើម្បី​បាន​ប្រាក់​ចំណេញ​ខ្លះ​យក​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។
ប្រជា​កសិករ​ម្នាក់ គឺ​លោក សឿន ឌីន រស់នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ថ្លែង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ដំណាំ​ស្រូវ​របស់​ពួក​គាត់​កំពុង​ហុច​ផល​បណ្ដើរៗ​ហើយ តែ​លក់​មិន​បាន​ប្រាក់​ចំណេញ​នោះ​ទេ។ ការ​លក់​ស្រូវ​ពុំ​បាន​ចំណេញ​នេះ ដោយសារ​ឈ្មួញ​ទិញ​ស្រូវ​នៅ​ស្រុក​ថ្មពួក ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក ទិញ​ស្រូវ​ផ្ដាច់​មុខ ហើយ​ទម្លាក់​តម្លៃ​ស្រូវ​ក្នុង​តម្លៃ​ទាប ដោយ​មិន​ឲ្យ​ឈ្មួញ​មក​ពី​ខាង​ក្រៅ​ស្រុក​ចូល​ទិញ​ប្រកួត​ប្រជែង​គ្នា​នោះ​ទេ។ អ្នក​ភូមិ​អះអាង​ថា តម្លៃ​ស្រូវ​ប្រភេទ​លេខ​មួយ ដូចជា​ស្រូវ​ផ្កា​រំដួល និង​ស្រូវ​ផ្កា​ម្លិះ ជាដើម ឈ្មួញ​ប្រមូល​ទិញ​មួយ​គីឡូក្រាម​ពី ៧០០​រៀល​ទៅ ៨៥០​រៀល ហើយ​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​ប្រមាណ​បី​ថ្ងៃ​មក​ហើយ។
លោក​បន្ត​ថា តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ ធ្វើ​ឲ្យ​ពួក​គាត់​លក់​ស្រូវ​មិន​បាន​ផល​ចំណេញ និង​មិន​អាច​រក​ប្រាក់​សង​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ ពីព្រោះ​ពួក​គេ​គ្មាន​មុខ​របរ​អ្វី​ក្រៅ​អំពី​ធ្វើ​ស្រែ ដើម្បី​បាន​ប្រាក់​ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ៖ «បាទ! ឈ្មួញ​រក​ស៊ី​ផ្ដាច់​មុខ​បែប​នេះ ដូច​មិន​កើត​ទេ ពីព្រោះ​បាន​ប្រាក់​ចំណេញ​តែ​ពួក​ឈ្មួញ​ទេ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ខំ​ប្រឹង​ធ្វើ​ស្រែ​ស្ទើរ​មួយ​ឆ្នាំ​ទៅ​ហើយ​នោះ គឺ​មិន​បាន​ប្រាក់​ចំណេញ​ឡើយ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ថ្មពួក លោក ប្លែក វារី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ពុំ​បាន​ទៅ​រារាំង​មិន​ឲ្យ​ឈ្មួញ​ទិញ​ស្រូវ​មក​ពី​ក្រៅ​ស្រុក ចូល​ទិញ​ស្រូវ​របស់​ប្រជា​កសិករ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​អះអាង​ថា តម្លៃ​ស្រូវ​នៅ​ស្រុក​ថ្មពួក ឆ្នាំ​នេះ​មាន​ហាង​ឆេង​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ គឺ​ស្រូវ​ផ្កា​រំដួល​ប្រមាណ ១០​បាត ឬ​ប្រហែល ១.១០០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «អត់​ទេ! ការ​ពិត​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រហែល​ជា​ស្រូវ​ចាប់ឆាយ បាន​ជា​ឲ្យ​ថោក ពីព្រោះ​បើ​តម្លៃ​ស្រូវ​ទាប​ប្រជាពលរដ្ឋ​គាត់​មាន​សិទ្ធិ​ដឹក​ស្រូវ​ទៅ​លក់​បាន​គ្រប់​ទីកន្លែង​តើ!»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មេ​ឃុំ​ថ្មពួក លោក ដា ឈាន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ប្រជា​កសិករ​នៅ​ឃុំ​ថ្មពួក ជាច្រើន​គ្រួសារ ពិត​ជា​បាន​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ ដោយសារ​ឈ្មួញ​ទិញ​ស្រូវ​ក្នុង​ឃុំ​នេះ​ប្រមាណ ៧​នាក់ បាន​ទម្លាក់​តម្លៃ​ស្រូវ​ទាប​ប្រាកដ​មែន។ លោក​ថា បញ្ហា​នេះ​លោក​មិន​អាច​ជួយ​សម្រួល​តម្លៃ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​បាន​នោះ​ទេ ពីព្រោះ​លោក​គ្មាន​អំណាច​ទៅ​បញ្ជា​ក្រុម​ឈ្មួញ​ទាំង​នោះ មិន​ឲ្យ​ទម្លាក់​តម្លៃ​ស្រូវ​របស់​ពួក​គាត់​បាន​ឡើយ៖ «បាទ! ប្រជាពលរដ្ឋ​គាត់​រអ៊ូរទាំ​ច្រើន​ណាស់ ហើយ​ពួក​គាត់​ចេះ​តែ​ចង់​យក​ស្រូវ​ទៅ​លក់​កន្លែង​ផ្សេង​ដែរ តែ​ពួក​គាត់​ដឹក​ទៅ​មិន​រួច ដោយសារ​អាជ្ញាធរ​ហាម​ឃាត់​គោយន្ត​របស់​ពួក​គាត់»
ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់​ថា តម្លៃ​ស្រូវ​ចុះ​ថ្លៃ​នៅ​ពេល​នេះ ដោយសារ​ការ​ប្រមូល​ផល​ស្រូវ​របស់​ប្រជា​កសិករ​ដើម​រដូវ ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ស្រូវ​ក្នុង​ស្រុក​មាន​ចំនួន​ច្រើន​ជាង​តម្រូវ​ការ​លើ​ទីផ្សារ។ ម្យ៉ាង​ទៀត ដោយសារ​នៅ​ក្នុង​រោង​ម៉ាស៊ីន​កិន​ស្រូវ​មាន​ស្រូវ​ស្តុក​គ្រប់គ្រាន់ ហើយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ពុំ​មាន​តម្រូវ​ការ​នាំ​ចេញ​អង្ករ​ជា​បន្ទាន់ ជាដើម៖ «សំខាន់​បំផុត​អង្ករ​របស់​យើង ពិបាក​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ថៃ ណាស់ ព្រោះ​តម្លៃ​អង្ករ​របស់​ថៃ ក៏​ទាប​ជាង​អង្ករ​ក្រអូប​របស់​ខ្មែរ​ដែរ»
លោក ស្រី ចន្ធី បញ្ជាក់​ថា វិធី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ចុះ​ថោក​នេះ រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​នយោបាយ​នៃ​ការ​ផលិត និង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ច្បាស់លាស់ ដូចជា​ការ​ស្វែងរក​បញ្ហា​ប្រឈម​របស់​ប្រជា​កសិករ និង​អ្នក​នាំ​ចេញ​អង្ករ ជាដើម គឺ​ធ្វើ​យ៉ាង​ណា​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​បាន ពីព្រោះ​ប្រជា​កសិករ​ភាគ​ច្រើន​ពុំ​បាន​យល់​ដឹង​ទៅ​លើ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ស្រែ​របស់​ពួក​គាត់​ច្បាស់លាស់​នោះ​ទេ៖ «ទាក់ទង​នឹង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ការ​ផលិត​ស្រូវ​ចំណាយ​អស់​ដើម​ទុន​តិច​ជាង​តម្លៃ​លក់ បើ​មិន​ដូច្នេះ ប្រជា​កសិករ​ប្រកួត​ប្រជែង​ទីផ្សារ​មិន​ឈ្នះ​ប្រទេស​ជិត​ខាង​ទេ»
ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា តម្លៃ​ស្រូវ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ធ្លាក់​ថ្លៃ​ជា​រៀង​រាល់​ឆ្នាំ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជា​កសិករ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​មិន​ដោះស្រាយ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្រេច​ចិត្ត​លក់​ដី​ស្រែ​ចោល ហើយ​នាំ​គ្នា​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ជំនួស​វិញ៖ «ការ​ឆ្លើយ​របស់​អាជ្ញាធរ​ស្រុក​នេះ គឺ​ជា​ការ​ឆ្លើយ​ដោះសា​ទេ។ បញ្ហា​នេះ ខ្ញុំ​គិត​ថា អាជ្ញាធរ​ស្រុក​ប្រហែល​ជា​គាត់​មិន​បាន​ចុះ​ទៅ​ដល់​ទីកន្លែង​លក់​ស្រូវ​របស់​ប្រជា​កសិករ​នោះ​ទេ»
អាជ្ញាធរ​ស្រុក​ថ្មពួក ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​ស្រាល​ក្នុង​ស្រុក​ថ្មពួក ប្រមាណ​ជាង ៤​ពាន់​ហិកតារ។ ចំណែក​ឯ​ប្រជា​កសិករ​នៅ​ស្រុក​ថ្មពួក ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ​ប្រមាណ ៥​ថ្ងៃ​មក​ហើយ។ ចាប់​តាំង​ពី​ប្រជាពលរដ្ឋ​ប្រមូល​ផល​ស្រូវ​មក តម្លៃ​ស្រូវ​ចេះ​តែ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់។ កន្លង​មក ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ និង​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ក៏​ជួប​ប្រទះ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​ដូច​គ្នា គឺ​តម្លៃ​ស្រូវ​ផ្កា​រំដួល និង​ស្រូវ​សុមាលី ជាដើម តម្លៃ​ប្រមាណ ៨០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons