. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, December 16, 2015

តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​មន្ត្រី​អង្គការ​២​នាក់​ចូល​បំភ្លឺ​រឿង​ពលរដ្ឋ​ហែ​ទីងមោង​តវ៉ា

ដោយ ហ៊ុំ ចំរើន

2015-12-16
ស៊ុំ ច័ន្ទគា ៦២០
លោក ស៊ុំ ច័ន្ទគា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ រូប​ថត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo Provided


ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ធ្នូ បាន​ចេញ​ដីកា​ចំនួន ២​ច្បាប់​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ កោះ​ហៅ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ឲ្យ​ចូល​បំភ្លឺ​ករណី​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ដែល​បាន​តវ៉ា​អូស​រូប​ទីងមោង​តាម​ផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត នា​ពេល​កន្លង​ទៅ។
មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​បន្ទាយមានជ័យ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ បន្ទាប់​ពី​បាន​ទទួល​ដីកា​កោះ​លើក​ទី​២ របស់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ។
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មាន​ប្រសាសន៍​ថា លោក​មិន​យល់​ពី​ដីកា​កោះ​ហៅ​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នេះ​ឡើយ។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស លោក​តែង​តែ​ចុះ​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ក្រែង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​ឡើង​ប៉ុណ្ណោះ។ លោក​អះអាង​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​ទៅ​នោះ គឺ​ជា​ការ​ទាមទារ​របស់​អ្នក​ភូមិ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ផ្លូវ​រថភ្លើង គឺ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​អង្គការ​សង្គម​ស៊ីវិល​ឡើយ៖«បើ​សិន​ជា​ខាង​អយ្យការ​ចង់​ដឹង​ពី​ដំណើរ​រឿង​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត គាត់​គួរ​តែ​ដាក់​លិខិត​កោះ​ហៅ​ធម្មតា ដោយ​មាន​ដាក់​មូលហេតុ​ច្បាស់លាស់​ដែល​ចង់​ជួប​យើង​មក ថា​តើ​ឲ្យ​យើង​ទៅ​ក្នុង​ឋានៈ​អី? ប៉ុន្តែ​ការ​កោះ​ហៅ​នេះ អត់​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ទេ»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ផាន់ វណ្ណរ័ត្ន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។
ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ កោះ​ហៅ​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទៅ​បំភ្លឺ​នៅ​ពេល​នេះ ធ្វើ​ឡើង​បែប​តក់​ក្រហល់ ក្នុង​គោល​បំណង​ដើម្បី​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព ក្នុង​ការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា​នោះ៖ «ខ្ញុំ​មាន​ការ​អស់​សំណើច​ដែរ ដែល​យើង​ជា​តុលាការ ហើយ​យើង​មិន​យល់​ពី​នីតិវិធី បាន​ជា​សរសេរ​មក​បែប​នេះ។ ម្យ៉ាង​ទៀត ការ​ធ្វើ​បាតុកម្ម​នោះ​ពុំ​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​តំណាង​អយ្យការ​ហៅ​ទៅ​ធ្វើ​ការ​ចោទ​សួរ​នោះ​ទេ។ រឿង​នេះ អយ្យការ​គួរ​ពិនិត្យ​មើល​ច្បាប់​ឡើង​វិញ»
ដីកា​កោះ​ហៅ​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចំនួន ២​ច្បាប់ ចេញ​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។ ដីកា​ទី​១ កោះ​ហៅ លោក ស៊ុំ ច័ន្ទគា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​លោក ភួន ឈិន មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ឲ្យ​ចូល​បំភ្លឺ​វេលា​ម៉ោង ១១​កន្លះ ថ្ងៃ​ទី​១៦ ធ្នូ ពាក់ព័ន្ធ​ដំណើរ​រឿង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​ទៅ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង ២​រូប មិន​បាន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​លើ​ដំបូង​នេះ​ទេ ដោយ​លើក​ហេតុផល​ថា ពួក​គាត់​បាន​ទទួល​ដីកា​ប្រមាណ ១​ម៉ោង​កន្លះ​ប៉ុណ្ណោះ​មុន​ពេល​ចូល​ខ្លួន។ ក្រោយ​មក តុលាការ​បាន​ចេញ​ដីកា​ថ្មី​មួយ​ច្បាប់​ទៀត បង្ខំ​ឲ្យ​អ្នក​ទាំង ២​នាក់ ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ជា​កំហិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons