. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, December 27, 2015

ក្មេង​ប្រុស​ម្នាក់​អាយុ​១៣​ឆ្នាំ​ចង​ក​សម្លាប់​ខ្លួន​សង្ស័យ​ថា​តូច​ចិត្ត​រក​បាយ​ឲ្យ​ម្ដាយ​ហូប​មិន​បាន

ដោយ ហ៊ុំ ចំរើន

2015-12-28



















កុមារា​ចង​ក​សម្លាប់​ខ្លួន​ក្រុង​ប៉ោយប៉ែត ៦២០
សាច់ញាតិ​ដឹក​សព​កុមារ សៀង ដាំ ដែល​ចង​ក​សម្លាប់​ខ្លួន យក​ទៅ​ធ្វើ​បុណ្យ​នៅ​ភូមិ​ប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥។
 Photo Provide





















អ្នក​ភូមិ​ក្បែរ​ខាង​ផ្ទះ​ក្មេង​ប្រុស​ម្នាក់​អាយុ ១៣​ឆ្នាំ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ការ​សង្វេគ​ក្នុង​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ក្មេង​នោះ​ចង​ក​សម្លាប់​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​ទៅ។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា ការ​សម្លាប់​ខ្លួន​នេះ​ដោយសារ​ក្មេង​នេះ​រស់​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ និង​ពុំ​មាន​លទ្ធភាព​ដើរ​សុំ​បាយ​ក្នុង​ពិធី​រៀប​មង្គលការ​គេ យក​ទៅ​ឲ្យ​ម្ដាយ​ហូប​ប្រចាំ​ថ្ងៃ​ពុំ​បាន។ ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​ភូមិ​អះអាង​ថា ក្មេង​នោះ​សម្លាប់​ខ្លួន​អាច​ជា​ករណី​ផ្សេង និង​ពុំ​មែន​ដោយសារ​កត្តា​ជីវភាព​ក្រីក្រ​ឡើយ។
អ្នក​ភូមិ​នៅ​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​លើក​ឡើង​ថា គ្រួសារ​របស់​ក្មេង​ប្រុស​ឈ្មោះ សៀង ដាំ អាយុ ១៣​ឆ្នាំ រស់នៅ​ពឹង​ផ្អែក​លើ​ការ​ដើរ​សុំ​ទាន​ពី​អ្នក​ស្រុក សម្រាប់​ដោះស្រាយ​បញ្ហា​ក្រពះ​ពី​មួយ​ទៅ​មួយ​ថ្ងៃ។ ការ​ខ្វះខាត​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ ជា​កត្តា​សំខាន់​ជំរុញ​ឲ្យ​ក្មេង​ប្រុស​រូប​នេះ បញ្ចប់​ជីវិត​ដោយ​ខ្លួន​ឯង។
ពលរដ្ឋ​ក្បែរ​ខាង គឺ​លោក ឡន ឆេងលី។ លោក​ថ្លែង​ថា ក្មេង​ប្រុស​ឈ្មោះ សៀង ដាំ អាយុ ១៣​ឆ្នាំ រស់នៅ​ភូមិ​ប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ចង​ក​សម្លាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ។ លោក​បញ្ជាក់​ថា កុមារា សៀង ដាំ តាំង​ពី​តូច​មក ពុំ​បាន​ចូល​សាលា​រៀន​ដូច​កូន​អ្នក​ស្រុក​នោះ​ទេ ដោយ​ភាគ​ច្រើន​ទៅ​សុំ​ទាន​ជាមួយ​ម្ដាយ​នៅ​ប្រទេស​ថៃ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ហើយ​ប្រមាណ​ជា ៦​ខែ​ទើប​ត្រឡប់​មក​លេង​ស្រុក​វិញ​ម្ដង។ បុរស​វ័យ ៣៤​ឆ្នាំ​រូប​នេះ បន្ត​ដោយ​សម្ដី​មួយៗ​ថា ក្មេង​នោះ​សម្លាប់​ខ្លួន​បន្ទាប់​ពី​ម្ដាយ​របស់​គេ​វាយ​ធ្វើ​បាប​ប្រមាណ​កន្លះ​ម៉ោង ដោយសារ​តែ​ពុំ​បាន​ទៅ​សុំ​បាយ និង​នំ​ចំណី​ក្នុង​ពិធី​មង្គលការ​អ្នក​ស្រុក​ក្បែរ​ខាង យក​មក​ឲ្យ​ម្ដាយ​ហូប​ប្រចាំ​ថ្ងៃ៖ «អ្នក​ភូមិ​ទាំង​ខ្ញុំ​នៅ​ទីនេះ អាណិត​ក្មេង​ដែល​ស្លាប់​ណាស់ ពីព្រោះ​អាយុ​ទើប​តែ ១៣​ឆ្នាំ ដល់​ថ្នាក់​រត់​ទៅ​ចង​ក​ស្លាប់​ខ្លួន​ឯង។ ខ្ញុំ​មើល​ទៅ​ក្មេង​នេះ​រស់នៅ​គ្មាន​ភាព​កក់​ក្ដៅ​ពី​ឪពុក​ម្ដាយ​ទេ»
ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ក្បែរ​ខាង​ម្នាក់​ទៀត គឺ​លោកស្រី ប៊ិច ពុជ។ អង្គុយ​លើ​គ្រែ​ក្រោម​ដើម​ស្វាយ​ខាង​មុខ​ផ្ទះ ថ្លែង​យោគ​ខ្លួន​ចុះ​ឡើង​ម្ដងម្កាល​ដោយ​សម្ដី​ញ័រៗ​ថា លោកស្រី​មាន​ក្ដី​សង្វេគ​ក្នុង​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​ឃើញ​ម្ដាយ​វាយ​ធ្វើ​បាប​ក្មេង​នោះ​នៅ​ចំពោះ​មុខ​ខ្លួន ដោយសារ​តែ​ជីវភាព​ខ្វះខាត ដែល​ពុំ​មាន​បាយ​ហូប​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​នៅ​ជិត​ខាង​មើល​ទៅ​ឃើញ​ថា ក្រុម​គ្រួសារ​របស់​ក្មេង​នេះ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ សូម្បី​តែ​អង្ករ​ដាំ​បាយ​ក៏​គ្មាន​ដែរ»
ក្មេង​ប្រុស​ដែល​ស្លាប់​នោះ​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៣​នាក់ រស់នៅ​ជាមួយ​ម្ដាយ​ឈ្មោះ លោកស្រី ធីដា អាយុ ៤៤​ឆ្នាំ បន្ទាប់​ពី​ឪពុក​របស់​គេ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា គ្រួសារ​នេះ​រស់នៅ​អាស្រ័យ​ការ​សុំ​ទាន​គេ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ជាង ១០​ឆ្នាំ​មក​ហើយ។ ក្រោយ​ពី​ឪពុក​បាន​ស្លាប់​ទៅ គ្រួសារ​របស់​ក្មេង​នោះ​មាន​ជីវភាព​កាន់​តែ​យ៉ាប់យ៉ឺន​ខ្លាំង​ទៅ​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ខ្លះ​នាំ​គ្នា​ផឹក​ទឹក​ជំនួស​បាយ​ក៏​មាន។ ម្យ៉ាង​ទៀត ដោយសារ​គ្រួសារ​នេះ​គ្មាន​ដី​ស្រែ​ដី​ចម្ការ​សម្រាប់​ដាំ​ដុះ​ផង និង​ការ​ទៅ​សុំ​ទាន​នៅ​ប្រទេស​ថៃ ពុំ​បាន​ប្រាក់​ដូច​កាល​ពី​ឪពុក​នៅ​រស់​ផង។
ផ្ទះ​កុមារា​ចង​ក​សម្លាប់​ខ្លួន​ក្រុង​ប៉ោយប៉ែត ៦២០
ផ្ទះ​របស់​កុមារា សៀង ដាំ ដែល​ចង​ក​សម្លាប់​ខ្លួន ឋិត​នៅ​ភូមិ​ប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Hum Chamroeun
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ភូមិ​ប្រជាធម្មលិច លោក កែវ សម្បត្តិ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ក្មេង​ប្រុស​អាយុ ១៣​ឆ្នាំ​នោះ​ពិត​ជា​ចង​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ប៉ុន្តែ​លោក​បដិសេធ​ថា គ្រួសារ​នេះ​ត្បិត​តែ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ញឹកញាប់​ក៏ដោយ តែ​ក្មេង​នោះ​ពុំ​មែន​សម្លាប់​ខ្លួន​ដោយសារ​តែ​កត្តា​ជីវភាព​ក្រីក្រ​នោះ​ទេ៖ «ផ្ទះ​ការ​នោះ​ជា​បង​ប្អូន​របស់​គាត់​ទេ ហើយ​ក្មេង​នោះ​អត់​ដាំ​បាយ​ហូប ទើប​ម្ដាយ​ឲ្យ​ទៅ​យក​បាយ​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​យក​មក​ហូប​ទាំងអស់​គ្នា តែ​កុមារ​នោះ​អត់​ទៅ ដោយសារ​ខ្មាស​គេ។ ខ្ញុំ​មិន​ជឿ​ឡើយ​ពាក្យ​ដែល​ថា ម្ដាយ​បង្ខំ​ឲ្យ​កូន​ទៅ​សុំ​បាយ​គេ​មក​ហូប​នោះ គឺ​គ្មាន​ទេ»
មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​ដែល​ស្លាប់​នោះ ប្រសិន​ម្ដាយ​បង្កើត​មិន​បង្ខំ​ក្មេង​ឲ្យ​ទៅ​សុំ​បាយ​គេ​ក្នុង​ពិធី​មង្គលការ​យក​មក​ហូប​ទេ នោះ​ក្មេង​នឹង​មិន​ចង​ក​សម្លាប់​ខ្លួន​បែប​នេះ​ឡើយ។ លោក​ថា លោក​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​ក្មេង ដោយសារ​តែ​គ្រួសារ​ខ្វះ​អាហារ​ហូប​ចុក​នេះ ថា​ជា​រឿង​មួយ​ដែល​អាជ្ញាធរ​មិន​គួរ​បណ្ដោយ​ឲ្យ​បញ្ហា​នេះ​កើត​មាន​ក្នុង​សង្គម​បច្ចុប្បន្ន​នោះ​ទេ៖«អ៊ីចឹង​ទេ អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ធ្វើ​យ៉ាង​ណា​ជួយ​ពួក​គាត់​ឲ្យ​បាន​ហូប​បាន​ចុក​ដូច​គេ​ដូច​ឯង កុំ​ឲ្យ​ពួក​គាត់​ស្លាប់​ដោយ​អត់​អាហារ​ឲ្យ​សោះ»
លោក ស៊ុំ ច័ន្ទគា ស្នើ​ឲ្យ​អ្នក​ដែល​មាន​ហូប​ចុក​ហូរហៀរ កុំ​បោះ​ចោល​ចំណី​អាហារ​ខ្ជះខ្ជាយ​ពាស​វាល​ពាស​កាល ហើយ​គិតគូរ​បែង​ចែក​ចំណី​អាហារ​ទាំង​នោះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ការ​ប្រសើរ។
យ៉ាង​ណា​ក៏ដោយ ស្ត្រី​ជា​ម្ដាយ​របស់​ក្មេង​នោះ​បាន​រត់​គេច​ខ្លួន​បាត់ បន្ទាប់​ពី​ដឹង​ថា កូន​របស់​គាត់​បាន​ចង​ក​សម្លាប់​ខ្លួន​នោះ។ រហូត​មក​ទល់​ពេល​នេះ ស្ត្រី​ជា​ម្ដាយ​នោះ​នៅ​ពុំ​ទាន់​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​សព​ក្មេង​ប្រុស​នោះ ត្រូវ​បាន​អ្នក​ភូមិ និង​សាច់ញាតិ នាំ​គ្នា​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក នឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​ឡើយ ប៉ុន្តែ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា កន្លង​មក​ប្រជាពលរដ្ឋ​ទាំង​អ្នក​នៅ​ទីប្រជុំជន និង​ទី​ជនបទ អ្នក​ដើរ​សុំ​ទាន​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ដែល​បញ្ហា​នេះ​ផ្ដើម​ចេញ​ដោយសារ​កត្តា​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ។
របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា ប្រជាជន​ជាង ៣​លាន​នាក់​មាន​ជីវភាព​ក្រីក្រ ហើយ​ជាង ៨​លាន​នាក់​មាន​ជីវភាព​ជិត​ក្រ។ របាយការណ៍​ដដែល​បង្ហាញ​ថា កុមារ​កម្ពុជា ប្រហែល ៤២% ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ គឺ​កង្វះ​អាហារូបត្ថម្ភ ហើយ​ពាក់​កណ្ដាល​នៃ​ប្រជាជន​កម្ពុជា មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons