. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, April 6, 2016

សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​កញ្ញា​ស្រី​មុំ​ឲ្យ​ចូល​បំភ្លឺ


ដោយ ថា កិត្យា
2016-04-04



ស្រីមុំ ២០១៦ ៨៥៥
នារី​ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ចេញ​មុខ​បដិសេធ​ថា​មិន​មាន​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ លោក កឹម សុខា ដូច​ការ​ចោទ​ប្រកាន់​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang

សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដីកា​កោះ​ហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រី​មុំ ដែល​ជាប់​សង្ស័យ​ថា​ជា​ម្ចាស់​សំឡេង​ក្នុង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ទាក់ទង​នឹង​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។ រីឯ កញ្ញា ស្រី​មុំ នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទាក់ទង​នឹង​ដីកា​កោះ​ហៅ​នេះ។ តែ​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​នាង និង​ក្រុម​គ្រួសារ។
នីតិវិធី​ចាត់​ការ​លើ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​របស់ លោក កឹម សុខា ជាមួយ កញ្ញា ស្រី​មុំ បាន​វិវឌ្ឍន៍​ទៅ​មុខ​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់ ស្រី​មុំ មាន​ការ​ភិតភ័យ និង​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ជា​ខ្លាំង ទោះ​បី​ជា​នាង​ព្យាយាម​បដិសេធ​ពី​ការ​ចោទ​ប្រកាន់​នេះ​ក្ដី។
ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រិះរក​វិធីសាស្ត្រ​ដើម្បី​បង្ខំ​ឲ្យ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាក​ចេញ​ពី​តំណែង​តំណាង​រាស្ត្រ និង​ជាប់​ទោស​ទណ្ឌ​នោះ។ កាល​ពី​សប្ដាហ៍​មុន កញ្ញា ស្រី​មុំ ដែល​ជាប់​សង្ស័យ​ថា​ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា នៅ​ម៉ោង ៨ និង ៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ជុំវិញ​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដែល​បង្ហាញ​ថា ស្រី​ម៉ុំ មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា ឲ្យ​ដឹង​ថា កញ្ញា ស្រី​មុំ និង​គ្រួសារ បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត និង​ភ័យ​ព្រួយ​ក្នុង​ជំនួប​ប្រឹក្សា​ផ្លូវ​ច្បាប់​ជាមួយ​រូប​លោក​កាល​ពី​ថ្ងៃ​សុក្រ ទី​១ មេសា បន្ទាប់​ពី​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​នោះ។ លោក​ថា មក​ទល់​ពេល​នេះ កញ្ញា ស្រី​មុំ នៅ​មិន​ទាន់​ស្នើសុំ​មេធាវី​ដើម្បី​សម្រេច​ថា តើ​នាង​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?៖ «ការ​ចោទ​ថា គាត់​ពាក់ព័ន្ធ​អំពើ​ពេស្យាចារ​នោះ គាត់​ថា រឿង​នេះ​ប៉ះពាល់​ដល់​កិត្តិយស​គាត់​ធ្ងន់ធ្ងរ»
លោក នី សុខា ថា​មេធាវី​របស់​អាដហុក អ្នកស្រី ទ្រី ឈួន ត្រូវ​បាន​ចាត់​តាំង​ការពារ​សិទ្ធិ កញ្ញា ស្រី​មុំ ក្នុង​ដំណាក់​កាល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ ដោយឡែក​ដីកា​កោះ​របស់​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​នាង​ត្រូវ​ស្នើសុំ​មេធាវី​ជា​ថ្មី។
មេធាវី​របស់​អាដហុក អ្នកស្រី ទ្រី ឈួន បញ្ជាក់​ថា មួយ​រយៈ​នេះ​គឺ​អ្នកស្រី និង​កូន​ក្តី​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ជា​ខ្លាំង ដោយសារ​មាន​មនុស្ស​ប្លែក​មុខ និង​ខ្លះ​ទៀត​ជា​សមត្ថកិច្ច តាម​ឃ្លាំ​មើល​ពួក​គាត់​ដែល​មិន​អាច​ចេញ​ទៅ​ណា​បាន​ឡើយ៖ «គេ​តាម​ហ្នឹង គឺ​មាន​ឡាន​ផង និង​មាន​ម៉ូតូ​ផង។ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក»
ចំពោះ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​វិញ លោក នី សុខា បាន​វិភាគ​ថា ការ​ហៅ ស្រី​មុំ ទៅ​បំភ្លឺ​លើ​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​នេះ គឺ​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ លោក​ថា ការ​ចោទ​ប្រកាន់​ថា ស្រី​មុំ ផ្តល់​សក្ខីកម្ម​ក្លែង​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​នាង​មិន​មែន​ជា​សាក្សី តែ​ជា​ជន​ជាប់​សង្ស័យ។ រីឯ​ពាក្យ​ថា​ពេស្យាចារ បើ​តាម​ច្បាប់ គឺ​គ្មាន​ទោស​នោះ​ទេ លុះត្រា​តែ​កញ្ញា​ជួញ​ដូរ​មនុស្ស ឬ​ពេស្យាចារ តែ​ជាក់ស្ដែង ស្រី​មុំ ជា​អ្នក​កាត់​សក់៖ «តាម ​គោលការណ៍​ច្បាប់ ការ​ផ្ដល់​សក្ខីកម្ម​ក្លែង គឺ​គេ​ចោទ​តែ​លើ​រឿង​អ្នក​ណា​ដែល​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នេះ​ទី​មួយ។ ចំណុច​ទី​២ ច្បាប់​ជួញដូរ​គេ​និយាយ​តែ​អំពើ​ពង្រត់ ជួញដូរ​មនុស្ស ឬ​ក៏​យក​មនុស្ស​ទៅ​ធ្វើ​ពេស្យាចារ។ អ្នក​ដែល​យក​មនុស្ស​ទៅ​ធ្វើ​ពេស្យាចារ មិន​មែន​ខ្លួន​ឯង​ទៅ​ធ្វើ​ពេស្យាចារ​ទេ។ ដូច្នេះ​ចំណុច​ទាំង​ពីរ​នេះ គឺ​ស្រីមុំ អត់​មាន​ទោស។ អត់​មាន​ផ្លូវ​ច្បាប់​អី​ដែល​ថា ដាក់​ទោស​គាត់​បាន»
កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កញ្ញា ស្រី​មុំ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ តាម​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់ កញ្ញា ធី សុវណ្ណថា។ ជា​លទ្ធផល​នៃ​របាយការណ៍​នោះ បង្ហាញ​ថា មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។
រីឯ​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ដីកា​កោះ​ហៅ​នេះ ព្រោះ​វា​ជា​រឿង​នយោបាយ​សុទ្ធសាធ​ដែល​មិន​គួរ​អ្នក​នយោបាយ យក​រឿង​ឥត​ប្រយោជន៍​នេះ​បំពុល​សង្គម​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។ លោក​បញ្ជាក់​ថា គ្មាន​ច្បាប់​ណា​ចែង​ថា ស្ត្រី​ពេស្យាចារ​ខុស​ច្បាប់​នោះ​ទេ ទាល់​តែ​អ្នក​នោះ​ទទួល​បាន​លុយ​ពី​អំពើ​ជួញ​ដូរ​ពេស្យាចារ៖ «ខ្ញុំ​សោកស្ដាយ ហើយ​អាណិត​ស្រីមុំ ព្រោះ​រឿង​នេះ ធ្វើ​ឲ្យ​បាត់​កិត្តិយស​របស់​គាត់​ទាំង​ស្រុង។ រឿង​ពេស្យាចារ​នេះ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ»
លោក​បន្ត​ថា មាន​រឿង​ជាច្រើន​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​ធនធាន​ធម្មជាតិ បញ្ហា​គ្រោះ​រាំង​ស្ងួត ជាដើម។ លោក​ថា ការ​ដែល​អ្នក​នយោបាយ​បង្កើត​ជម្លោះ​ដោះស្រាយ​ជម្លោះ​រាល់​ឆ្នាំ​របៀប​នេះ គឺ​នឹង​បណ្ដាល​ឲ្យ​ប្រទេស​ជាតិ​កាន់​តែ​ជួប​អាសន្ន៖ «វា​ជា​រឿង​នយោបាយ​ ដែល​ខ្ញុំ​ធ្លាប់​ជួប​ច្រើន​ដង​ហើយ គេ​ធ្វើ​នេះ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ស្រីមុំ ចង្អុល​ទៅ​លើ​លោក កឹម សុខា ហើយ​ដើម្បី​គេ​ចាត់​វិធានការ​ទៅ​លើ​លោក កឹម សុខា។ ចំពោះ​ខ្ញុំ គឺ​គណបក្ស​ប្រជាជន ជា​អ្នក​ខាត​ច្រើន»
អ្នក​វិភាគ និង​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អ្នក​នយោបាយ ត្រូវ​តែ​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព និង​ថ្លៃថ្នូរ ហើយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​យក​ច្បាប់​សម្រាប់​ផ្តល់​យុត្តិធម៌ ទៅ​ប្រើ​ជា​ឧបករណ៍​នយោបាយ​ទេ។ ពួក​គេ​ថា ការ​ដែល​លើក​បញ្ហា​ស្នេហា​ឥត​ប្រយោជន៍​មក​ក្រឡុក​ក្រឆា​ក្នុង​ឆាក​នយោបាយ​នេះ វា​មិន​បាន​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ឡើយ ហើយ​កម្ពុជា នឹង​នៅ​តែ​ធ្វើ​ដំណើរ​មិន​ទាន់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដែល​គេ​កំពុង​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាព​ថ្លៃថ្នូរ មាន​ការ​រស់​រាន​មាន​ជីវិត​សមរម្យ ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons