. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, June 9, 2016

គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​អាច​នឹង​ជួប​ចរចា​ក្នុង​ពេល​ខាង​មុខ

ដោយ ថា កិត្យា
2016-06-09
អ៊ីម៉ែល
មតិ
ចែករំលែក
ស ខេង កឹម សុខា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ជួប​ចរចា​គ្នា​ពេល​ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​វប្បធម៌​សន្ទនា។ ជំហរ​ងាក​រក​វប្បធម៌​សន្ទនា​ឡើង​វិញ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន ហើយ​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ចរចា​ដោះស្រាយ​គ្នា​ជា​បន្ទាន់។ ការ​ព្រួយ​បារម្ភ​របស់​លោក បាន គីមូន នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​ការ​បំភិត​បំភ័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជាពលរដ្ឋ។
វប្បធម៌​សន្ទនា​អាច​នឹង​រស់​រវើក​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តែ​បែរ​ខ្នង​ដាក់​បក្ស​ប្រឆាំង​មួយ​រយៈ​នោះ ពេល​នេះ​បាន​បង្ហាញ​ជំហរ​ទន់ភ្លន់​វិញ​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​អាច​នឹង​វិល​ចូល​តុ​ចរចា​ក្នុង​ពេល​ខាង​មុខ​នេះ។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ក្រុម​ការងារ​ចរចា​ដែល​អាច​ជួប​គ្នា​នៅ​ពេល​ខាង​មុខ មិន​មែន​ជា​ការ​ជួប​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​មតិ​ភាគ​ច្រើន ដឹក​នាំ​ដោយ​លោក ស ខេង និង​ថ្នាក់​ដឹក​នាំ​នៃ​មតិ​ភាគ​តិច ដឹក​នាំ​ដោយ លោក កឹម សុខា នោះ​ទេ។ លោក​ថា ជំនួប​លើក​នេះ គឺ​ជា​ជំនួប​រវាង​ក្រុម​ការងារ​របស់​បក្ស​ទាំង​ពីរ ដែល​មាន​សមាសភាព​ម្ខាង ៥​រូប ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ឯ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​លោក ប៉ុល ហំម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ៖ «មិន​ទាន់​កំណត់​ពេលវេលា​ទេ ហើយ​កម្មវត្ថុ​ក៏​មិន​ដឹង​អី​ដែរ ប៉ុន្តែ​គណៈកម្មការ​នេះ​នឹង​ពិភាក្សា​គ្នា​ដើម្បី​លើក​កម្ពស់​វប្បធម៌​សន្ទនា​ហ្នឹង​ឯង»
ការ​បង្ហាញ​ជំហរ​វិជ្ជមាន​ក្នុង​ការ​ចរចា​នៅ​ពេល​នេះ កើត​ឡើង​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មិថុនា។
ក្នុង​ជំនួប​សន្ទនា​នោះ លោក បាន គីមូន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​សេចក្តី​រាយការណ៍​អំពី​ការ​បំភិត​បំភ័យ ការ​រំលោភ​បំពាន និង​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សមាជិក គ.ជ.ប និង​សមាជិក​គណបក្ស​ប្រឆាំង ព្រម​ទាំង​បំភិត​បំភ័យ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ។ លោក បាន គីមូន អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​វប្បធម៌​សន្ទនា​ត​ទៅ​ទៀត។
ទន្ទឹម​គ្នា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ជាង ៤០​ស្ថាប័ន ក៏​បាន​រួម​គ្នា​ចេញ​សេចក្តី​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ចាប់​ខ្លួន និង​យាយី​ចំពោះ​ពលរដ្ឋ​ដែល​គ្រាន់​តែ​សម្ដែង​មតិ និង​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គេ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ​ដែល​កម្ពុជា ទទួល​ស្គាល់​ជា​ច្បាប់​កម្ពុជា។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ការ​ចាប់​អារម្មណ៍​របស់​លោក បាន គីមូន លើ​កម្ពុជា តែ​លោក​សោកស្ដាយ​ដែល​លោក បាន គីមូន ហាក់​ក្តាប់​មិន​បាន​ពី​តថភាព​សង្គម​កម្ពុជា បច្ចុប្បន្ន ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា គណបក្ស​កាន់​អំណាច​គាប​សង្កត់​លើ​បក្ស​ប្រឆាំង៖ «រាល់​បញ្ហា​ដែល​កើត​ឡើង​រហូត​ដល់​អ្នក​ខ្លះ​ជាប់​ពន្ធនាគារ អ្នក​ខ្លះ​ជាប់​ឃុំ ហើយ​នៅ​ក្នុង​នីតិវិធី​តុលាការ​នេះ គឺ​អាស្រ័យ​ទៅ​ដោយ​បុគ្គល​ទាំងអស់​នោះ​ប្រព្រឹត្ត​ល្មើស​ច្បាប់។ អ៊ីចឹង​ខ្ញុំ​យល់​ថា អាច​ឯកឧត្តម បាន គីមូន ត្រួតត្រា​ប្រទេស​ជាង ២០០​ប្រទេស។ ដូច្នេះ​ធ្វើ​ឲ្យ​ចន្លោះ​ប្រហោង​ខ្លះ ឬ​មួយ​មមាញឹក​ទៅ​រឿង​មជ្ឈិមបូព៌ា​កំពុង​តែ​ទម្លាក់​គ្រាប់ កាប់​សម្លាប់​គ្នា​ហុយ​ផ្សេង​នោះ ក៏​មិន​ដឹង​បាន​ជា​មើល​ឃើញ​សភាពការណ៍​កម្ពុជា អាច​យល់​ច្រឡំ​យ៉ាង​ដូច្នេះ»
ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា។ តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​គាំទ្រ​ចំពោះ​ក្តី​កង្វល់​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ពេល​នេះ។ លោក​ថា ក្តី​កង្វល់​របស់​លោក បាន គីមូន បង្ហាញ​ឲ្យ​ឃើញ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា មិន​មែន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ទាន់​បាន​ព័ត៌មាន​ច្បាស់​នៃ​ការ​ជួប​ចរចា​គ្នា​រវាង​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​ឡើយ ហើយ​លោក​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កម្ពុជា មាន​វិបត្តិ​នយោបាយ ដូច្នេះ​ត្រូវ​តែ​ចរចា​គ្នា​ពី​វិបត្តិ​នេះ។
កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះឆ្នោត ៤៥% បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន ឲ្យ​បើក​កិច្ច​ប្រជុំ​បន្ទាន់​ជាមួយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា ពិសេស​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​គណបក្ស​កាន់​អំណាច។ លិខិត​បន្ត​ទៀត​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។
សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សហប្រជាជាតិ គឺ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា ព្រោះ​ថា កម្ពុជា គឺ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​តែ​គោរព​អ្វី​ដែល​ជា​បទដ្ឋាន​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​អង្គការ​សហប្រជាជាតិ បាន​ចែង​ជា​សកល៖ «ប្រសិន​បើ​កម្ពុជា មិន​ចាប់​អារម្មណ៍​លើ​ការ​ព្រួយ​បារម្ភ​បែប​នេះ ខ្ញុំ​គិត​ថា អង្គការ​សហប្រជាជាតិ សមាជិក​ជាង ១០០​ប្រទេស​នេះ អាច​នឹង​ចូលរួម​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ជា​ភាព​ខុស​ឆ្គង​របស់​កម្ពុជា។ អ៊ីចឹង​វា​ជា​សម្ពាធ​មួយ​អាច​ដាក់​បន្ទុក​មក​លើ​កម្ពុជា»
រីឯ​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ លោក ឆាំ ប៊ុនថេត មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល ហាក់​មិន​មាន​ឥទ្ធិពល​ខ្លាំង​ដើម្បី​ជំរុញ​រដ្ឋាភិបាល ឬ​បក្ស​កាន់​អំណាច​ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន​នោះ​ឡើយ៖ «ល្បែង​នយោបាយ​នេះ គឺ​មិន​ចប់​ទេ លុះត្រា​ប្រជាពលរដ្ឋ និង​គណបក្ស​មួយ​ទៀត​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សង្គម​ហ្នឹង គួរ​រៀបចំ​ឥរិយាបថ​ខ្លួន​ឯង​មួយ​ដែរ​ថា តើ​អាច​ទាមទារ (demand) បាន​ប៉ុនណា
មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថានភាព​នយោបាយ​កម្ពុជា ចាប់​ផ្ដើម​អួអាប់​បន្ទាប់​ពី​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ជាច្រើន​រូប និង​សកម្មជន​សិទ្ធិ​មនុស្ស ព្រម​ទាំង​សមាជិក គ.ជ.ប ម្នាក់ កំពុង​ជាប់​ឃុំ ខណៈ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដែល​សំណុំ​រឿង​ទាំងអស់​នេះ ត្រូវ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​មើល​ឃើញ​ថា ជា​សំណុំ​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons