ភ្នំពេញ​៖​ អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ ០៥​ នឹង​រួម​គ្នា​បង្កើត​ព្រឹត្តិ​ការណ៍​​អ៊ិ​ន​​ធឺ​ណិ​ត​​បើក​​ទូលាយ​ ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​មិថុ​នា​​​ស្អែក​​នេះ​ ក្រោម​​ប្រធាន​បទ​ «​យុគ្គសម័យ​​អ៊ិ​ន​​ធឺ​ណិ​ត​​ និង​ ​សិទ្ធិ​មនុស្ស​»​ ។​ ការ​បង្កើត​​ឱ្យ​​មា​ន​ព្រឹត្តិកា​រណ៍​​នេះ​​ ក្នុ​ង​​គោ​​ល​​បំណង​​ដើម្បី​​ផ្តល់​​ឱកាស​​យុវ​ជន​​ និង​អ្នក​ប្រើ​ប្រាស់​​អ៊ិ​ន​​ធឺ​ណិ​ត​​បាន​​យល់​​ដឹង​ពី​​សិទ្ធិ​​ក្នុង​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ យល់​ដឹង​ពី​សារៈ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ ដើម្បី​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សង្គម​កម្ពុជា​ជា​ដើ​ម​​។​​
Youth-Internet-WMC
​នា​ពេល​កន្លង​មកនេះ​ក្រុម​យុវជន​ និង​អង្គកា​រ​សង្គម​​ស៊ី​វិល​​ធ្លាប់​​បាន​លើក​​ទ្បើ​ង​ថា​ ការ​ប្រើប្រាស់​អ៊ិ​ន​​ធឺ​ណិ​ត​​បាន​ដើរ​តួ​នា​ទី​យ៉ា​ង​​​​​សំខាន់​​​ក្នុង​​ការ​​រួម​ចំណែក​ និង​ការ​​លើក​កម្ពស់​​សិទ្ធិ​មនុស្ស​​​នៅ​​ក្នុង​​សង្គម​​កម្ពុជា​ ជា​ពិ​សេស​​គេ​​សង្កេត​​ឃើញ​​ថា​ យុវជន​កម្ពុ​ជា​​ភាគ​ច្រើន​​មាន​ចំណេះ​​ដឹង​​ក្នុង​​ការ​​ប្រើប្រាស់​​ប្រព័ន្ធ​​អ៊ិ​ន​​ធឺ​ណិ​ត​ ដូច​​ជា​ ហ្វេ​ស​​ប៊ុ​ក​ ទ្បា​ញ​​ជា​ដើម​ ដើម្បី​​ធ្វើ​ការ​​ទំនាក់​ទំនង​​គ្នា​។​ ម្យ៉ាង​វិញ​ទៀត​​ ពួក​គេ​​ក៏​អាច​ធ្វើ​សេច​ក្តីរាយកា​រណ៍​ព័ត៌មា​ន​មួយ​​ចំនួន​​ដែល​ពួក​គេ​បាន​ជួប​ បានដឹង​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​ ដែល​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​សង្គម​ ដើម្បី​រាយការណ៍​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ​។​
​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ ហៅ​កាត់​ថា​ CYN​ លោក​ទឹម​ ម៉ា​ទ្បៃ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​តរបស់​យុវជន​មានការ​វិវត្តន៍​គួរ​ឱ្យ​កត់សម្គាល់​ មាន​ន័យ​ថា​ យុវជន​មានការ​យល់​ដឹង​ច្រើន​ពី​របៀប​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​
​លោក​ទឹម​ ម៉ា​ទ្បៃ​ លើក​ទ្បើ​ង​ទៀ​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ មាន​សារៈ​ប្រយោជន៍​ច្រើន​ទៅ​ដល់​សង្គម​ទាំងមូល​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ក៏​នឹង​ជួយ​ឱ្យ​មានការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ និង​ចូលរួម​ជួយ​កាត់​បន្ថយ​ភាព​អ​វិជ្ជ​មាន​មួយ​ចំនួន​ដែល​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​សង្គម​ផង​ដែរ​។​
​លោក​ទឹម​ ម៉ា​ទ្បៃ​ បន្ថែម​ទៀត​ថា​ ដោយសារ​តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​មាន​សារៈសំខាន់​នេះ​ហើយ​ ទើប​អង្គការ​ក្រៅ​រដ្ឋា​​ភិបាល​ចំនួន​៥​នឹង​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​អ៊ិ​ន​ធឺ​ណិ​ត​បើក​ទូលាយ​នៅ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ស្អែក​នេះ​ នៅ​សាលារៀន​អន្តរ​ទ្វី​ប​​អា​មេ​រិ​កាំ​ង​ សាខា​ទួល​គោក​ ចាប់ពី​ម៉ោង​ ៨:០០​ នាទី​ព្រឹក​ ដល់​ ១២:០០​ ថ្ងៃត្រង់​។​
​អង្គការ​ទាំង​ ០៥​ ដែល​សហការ​គ្នា​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ រួម​មាន​ បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ ,​ សមាគម​ន៍​ធាង​ត្នោ​ត​​,​ អង្គការ​ ActionAid​ ,​ អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC)​ ,​ និង​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សុង​ត្រា​ល់​(Central)​ ។​
​គួរ​បញ្ជាក់​ដែរ​ថា​ ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ មាន​គោលបំណង​សំខាន់​បី​ចំណុច​ រួម​មាន​ ៖​ ទី​មួយ​ ផ្តល់​ឱកាស​ឱ្យ​យុវជន​ និង​អ្នក​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​យល់​ដឹង​អំពី​សិទ្ធិ​ រួម​នឹង​សារៈ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ ចូលរួម​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុ​សង្គម​  ទី​ពីរ​ ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​នូវ​សិទ្ធិ​ឯកជន​ភាព​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ និង​ ទី​បី​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​៕